SME News

Description
Facebook : https://www.facebook.com/smenewscambodia
Instagram : https://www.instagram.com/smenewscambodia/
YouTube : https://www.youtube.com/@smenewscambodia
We recommend to visit

Last updated 7 months, 1 week ago

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
Samdech Moha Borvor Thipadei HUN MANET, Prime Minister of Cambodia

Last updated 7 months, 1 week ago

គោលការណ៍ ឯមស | សាមញ្ញ និងច្បាស់លាស់

Contact: https://t.me/oa_admin

Last updated 6 months ago

5 months, 3 weeks ago
**មន្ទីរពិសោធន៍ជាតិ វ.ប.ន គ្រោងពង្រីកសមត្ថភាពសម្រាប់សេវាមន្ទីរពិសោធន៍មេកានិក អគ្គិសនី និងអេឡិចត្រូនិក**

មន្ទីរពិសោធន៍ជាតិ វ.ប.ន គ្រោងពង្រីកសមត្ថភាពសម្រាប់សេវាមន្ទីរពិសោធន៍មេកានិក អគ្គិសនី និងអេឡិចត្រូនិក

ភ្នំពេញ៖ មន្ទីរពិសោធន៍ជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (វ.ប.ន) គ្រោងពង្រីកសមត្ថភាពសម្រាប់សេវាមន្ទីរពិសោធន៍មេកានិក អគ្គិសនី និងអេឡិចត្រូនិក (MEEL) និងមន្ទីរពិសោធន៍ស្រាវជ្រាវ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងទីផ្សារក្នុងតំបន់ និងពិភពលោក។

ក្នុងជំនួបជាមួយដំណើរទស្សនកិច្ចរបស់គណៈកម្មាធិការទី៩ រដ្ឋសភា ដឹកនាំដោយ លោកជំទាវ និន សាផុន ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ បានលើកឡើងថា មន្ទីរពិសោធន៍ជាតិ វបន បានប្រែក្លាយទៅជាគ្រឹះស្ថានសាធារណៈរដ្ឋបាល និងការផ្តោតជាយុទ្ធសាស្ត្ររបស់វិទ្យាស្ថានជាតិ វបន លើការស្រាវជ្រាវអនុវត្ត (Applied Research) ដែលជំរុញការបង្កើតដំណោះស្រាយជាក់ស្តែងសម្រាប់ឧស្សាហកម្មក្នុងស្រុក។

ចំណែកឯ មន្ទីរពិសោធន៍ជាតិ វបន ក្រោយពីបានកែទម្រង់រួច ក៏បានពង្រីកសមត្ថភាពធ្វើតេស្តវិភាគ ដោយបន្ថែមប៉ារ៉ាម៉ែត្រថ្មីចំនួន៤០ ផ្តោតលើវិស័យនាំចេញសំខាន់ៗ ដូចជាអង្ករ និងគ្រាប់ស្វាយចន្ទី។ ជាមួយនឹងវិញ្ញាបនបត្រ ISO/IEC:17025 និងការវាយតម្លៃទទួលស្គាល់ជាអន្តរជាតិពី SAC-SINGLAS ប្រទេសសិង្ហបុរី និង NATA ប្រទេសអូស្ត្រាលី មន្ទីរពិសោធន៍នេះបានធ្វើតេស្តវិភាគសំណាកចំនួន ១១ ០១៨ ក្នុងឆ្នាំ២០២៤ ជាមួយនឹងលទ្ធផលដែលទទួលស្គាល់ជាអន្តរជាតិ។

ចំពោះ វិទ្យាស្ថានជាតិ វបន បច្ចុប្បន្នកំពុងអនុវត្តគំនិតផ្តួចផ្តើមមួយចំនួន ដូចជាគម្រោងប្រព្រឹត្តិកម្មវិទ្យុសកម្មសម្លាប់មេរោគលើផលិតផលចំណីអាហារដោយសហការជាមួយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA), កម្មវិធីអ្នកវិទ្យាសាស្ត្រវ័យក្មេងដើម្បីបំផុសទឹកចិត្តយុវជនឱ្យក្លាយជាអ្នកវិទ្យាសាស្ត្រនាពេលអនាគត, និងគម្រោង ស្រាវជ្រាវ និងការបណ្តុះបណ្តាលផ្សេងៗសម្រាប់វិស័យឯកជនផងដែរ៕

5 months, 3 weeks ago
**ក្រសួងពាណិជ្ជកម្ម ជំរុញឱ្យសហគ្រាសកម្ពុជា តាំងបង្ហាញបច្ចេកវិទ្យាថ្មី ក្នុងពិព័រណ៍នៅចិន**

ក្រសួងពាណិជ្ជកម្ម ជំរុញឱ្យសហគ្រាសកម្ពុជា តាំងបង្ហាញបច្ចេកវិទ្យាថ្មី ក្នុងពិព័រណ៍នៅចិន

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម អំពាវនាវឱ្យក្រុមហ៊ុន និងសហគ្រាសកម្ពុជា ចូលរួមដាក់តាំងបង្ហាញនូវបច្ចេកវិទ្យាថ្មី នៅក្នុងពិព័រណ៍ «The 23rd China International Environment Protection Exhibition and Conference (CIEPEC 2025)» ដើម្បីបង្កើតបណ្តាញអាជីវកម្ម បង្កើតដៃគូពាណិជ្ជកម្មជាមួយពាណិជ្ជករអន្តរជាតិ ដែលមានសក្តានុពលក្នុងទីផ្សារចិន។

ពិព័រណ៍ ដែលរៀបចំដោយ នាយកដ្ឋានអន្តរជាតិ នៃសមាគមឧស្សាហកម្មការពារបរិស្ថានចិននេះ នឹងធ្វើឡើងថ្ងៃទី១០-១២ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុងប៉េកាំង ប្រទេសចិន ក្នុងគោលបំណងបង្ហាញពីបច្ចេកវិទ្យាទំនើបទាន់សម័យ និងស្វែងរកដៃគូពង្រីកទីផ្សារលើកិច្ចការពារបរិស្ថាន។

ពាណិជ្ជករ និងសាធារណជន ដែលមានចង់ចូលរួមក្នុងព្រឹត្តិការណ៍ខាងលើ អាចទំនាក់ទំនងបំពេញបែបបទចូលរួម តាមរយៈទូរសព្ទលេខ ០១០ ៥២៨០ ៦៥១៩ ឬអ៊ីម៉ែល៖ [email protected] ។ សម្រាប់ព័ត៌មានលម្អិត អាចចូលទៅកាន់គេហទំព័រ http//www.clepec.org/។ គួរបញ្ជាក់ថា អ្នកចូលរួមត្រូវមាន កាតព្វកិច្ចបង់ថ្លៃស្តង់ជូនគណៈកម្មការរៀបចំតាមតម្លៃជាក់ស្តែង៕

5 months, 3 weeks ago
**ដើម្បីពង្រឹងការកៀរគរ«ប្រាក់ចំណូល» រដ្ឋាភិបាល មានគោលដៅយុទ្ធសាស្រ្តអ្វីខ្លះ?**

ដើម្បីពង្រឹងការកៀរគរ«ប្រាក់ចំណូល» រដ្ឋាភិបាល មានគោលដៅយុទ្ធសាស្រ្តអ្វីខ្លះ?

ភ្នំពេញ៖ យុទ្ធសាស្ត្រកៀរគរចំណូលរបស់រដ្ឋាភិបាល មានគោលបំណងពង្រឹងការប្រមូលចំណូលឱ្យកាន់តែប្រសើរ តាមរយៈការបន្តធ្វើទំនើបកម្មរដ្ឋបាល និងគោលនយោបាយសារពើពន្ធ និងមិនមែនសារពើពន្ធ ដោយបន្តរក្សាឱ្យបាននូវចលនការ និងសន្ទុះនៃសេដ្ឋកិច្ច ផ្ដល់នូវភាពត្រឹមត្រូវ តម្លាភាព និងភាពយុត្តិធម៌ដល់អ្នកជាប់ពន្ធ ដោយផ្តោតលើចំណូលដែលជាសក្តានុពល និងមិនបង្កឱ្យមានវិការភាពសេដ្ឋកិច្ច។

ស្របនឹងគោលបំណងខាងលើ យុទ្ធសាស្ត្រនេះ មានគោលដៅចំនួន៣ ដែលមានសុទិដ្ឋិនិយមប្រកប ដោយភាពច្បាស់លាស់ និងការប្តេជ្ញាខ្ពស់របស់រាជរដ្ឋាភិបាល ដែលក្នុងនោះរួមមាន៖ ១. រក្សា និងជំរុញចំណូលចរន្តឱ្យបានក្នុងរង្វង់ ១៦% នៃផ.ស.ស នៅពេលកំណើនសេដ្ឋកិច្ច ត្រឡប់មកកាន់គន្លងសក្តានុពលវិញ ពោលគឺមានកំណើនពិន្ទុភាគរយជាមធ្យមប្រចាំឆ្នាំ ប្រមាណ០,៤៣ ឬកំណើនមធ្យមប្រចាំឆ្នាំ ១២,៥% (២០២៥-២០២៨) ដែលក្នុងនោះ ចំណូលសារពើពន្ធនឹងត្រូវកើនឡើងដល់ក្នុងរង្វង់ ១៤,០% នៃផ.ស.ស.។ ចំពោះ ២. ធានាឱ្យបាននូវភាពច្បាស់លាស់ និងភាពត្រឹមត្រូវនៃប្រព័ន្ធពន្ធ និងភាពអាចព្យាករបានន ការផ្លាស់ប្តូរ និង ៣. បន្តពង្រីកវិសាលភាព និងពង្រឹងគុណភាពប្រព័ន្ធចំណូលមិនមែនសារពើពន្ធ។
ប្រភពសៀវភៅ៖ យុទ្ធសាស្រ្តការកៀរគរប្រាក់ចំណូលរបស់ រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា

8 months ago
**សាធារណរដ្ឋសែប៊ី ចង់វិនិយោគក្នុងវិស័យកាត់ដេរ វាយនភណ្ឌ និងទេសចរណ៍នៅកម្ពុជា**

សាធារណរដ្ឋសែប៊ី ចង់វិនិយោគក្នុងវិស័យកាត់ដេរ វាយនភណ្ឌ និងទេសចរណ៍នៅកម្ពុជា

ភ្នំពេញ៖ គណៈប្រតិភូស៊ែប៊ី ដែលដឹកនាំដោយ លោកស្រី ចូវ៉ាណា ម៉ាស្តូរ៉ូវិក (Jovana Majstorovic) ប្រធានមជ្ឈមណ្ឌលសម្រាប់អាស៊ី សហព័ន្ធរុស្ស៊ី នៃសភាពាណិជ្ជកម្មស៊ែប៊ី លើកឡើងថា មានចំណាប់អារម្មណ៍ក្នុងការវិនិយោគក្នុងវិស័យកាត់ដេរ វាយនភណ្ឌ និងទេសចរណ៍នៅកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់សភាពាណិជ្ជកម្មកម្ពុជា នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤។

លោកស្រី ចូវ៉ាណា ម៉ាស្តូរ៉ូវិក មានប្រសាសន៍ថា ទស្សនកិច្ចនៅកម្ពុជានេះ គឺដើម្បីបង្កើតទំនាក់ទំនង និងស្វែងរកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ប្រទេសស៊ែប៊ី គឺជាប្រទេសមានសក្ដានុពលលើវិស័យកសិម្ហូបអាហារ និងបច្ចេកវិទ្យា ព្រមទាំងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន និងសហភាពអឺរ៉ុប។ អ្នកឧកញ៉ា លឹម ហេង ជឿថា បើមានអ្នកជំនាញរបស់ស៊ែប៊ី ក្នុងផ្នែកបច្ចេកវិទ្យាកសិកម្ម និងការកែច្នៃអាហារ នឹងផ្តល់ប្រយោជន៍យ៉ាងច្រើនដល់កសិកម្មកម្ពុជា ខណៈដែលឧស្សាហកម្មផ្នែកទេសចរណ៍ដ៏រីកចម្រើនរបស់កម្ពុជា ក៏ផ្ដល់ឱកាសវិនិយោគដ៏គួរឱ្យទាក់ទាញសម្រាប់ធុរកិច្ចស៊ែប៊ីផងដែរ។

ក្នុងកិច្ចពិភាក្សារវាងភាគីទាំងពីរ អ្នកឧកញ៉ា លឹម ហេង ក៏បានលើកឡើងពីសក្ដានុពលកម្ពុជា និងលើកទឹកចិត្តវិនិយោគិនស៊ែប៊ីមកវិនិយោគនៅកម្ពុជា។ អ្នកឧកញ៉ា លឹម ហេង សង្កត់ធ្ងន់ថា កម្ពុជាកំពុងស្ថិតលើគន្លងក្លាយជាប្រទេស ដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ដែលមានស្ថិរភាពនយោបាយ ទីតាំងយុទ្ធសាស្ត្រនៃតំបន់អាស៊ាន កម្លាំងពលកម្មសំបូរបែប និងមានទីផ្សារទូលំទូលាយតាមរយៈកិច្ចព្រៀងពាណិជ្ជកម្មសេរីជាច្រើន។ នាឱកាសនោះ សភាពាណិជ្ជកម្មទាំងពីរ នឹងពង្រឹងកិច្ចសហការបន្ថែមទៀត និងពិនិត្យលទ្ធភាពចុះអនុស្សរណៈយោគយល់គ្នា នាពេលអនាគត៕

8 months ago
**CDC បានអនុម័តគម្រោងវិនិយោគចំនួន៤៣ ដែលមានទុនវិនិយោគសរុប ៩៤០លានដុល្លារ ក្នុងខែវិច្ឆិកា**

CDC បានអនុម័តគម្រោងវិនិយោគចំនួន៤៣ ដែលមានទុនវិនិយោគសរុប ៩៤០លានដុល្លារ ក្នុងខែវិច្ឆិកា

ភ្នំពេញ៖ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគចំនួន៤៣ ដែលមានទុនវិនិយោគសរុប ៩៤០លានដុល្លារ ដែលអាចបង្កើតការងារបានប្រមាណ ៣៩ពាន់កន្លែង។ តាមសេចក្តីប្រកាសព័ត៌មានរបស់ CDC នាថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ គម្រោងវិនិយោគចំនួន៤៣ នេះ មានគម្រោងថ្មីចំនួន៤០ និងគម្រោងពង្រីកផលិតកម្មចំនួន៣។

ក្នុងចំណោមគម្រោងវិនិយោគសរុបចំនួន ៤៣នេះ គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមាន ៣២គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១១គម្រោង។ ក្នុងខែវិច្ឆិកានេះ គម្រោងវិនិយោគ ដែលមានភាពលេចធ្លោជាងគេនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស មានចំនួន៤ រួមមាន៖ ទី១.គម្រោងពង្រីកផលិតកម្មរបស់គម្រោងវិនិយោគសេវាទូរគមនាគមន៍មូលដ្ឋាន(ប្រព័ន្ធទូរស័ព្ទចល័ត) មានទីតាំងនៅរាជធានី-ខេត្តទូទាំងប្រទេស មានទំហំវិនិយោគបន្ថែម ៤៨០លានដុល្លារ បង្កើតការងារបាន ២ ០០៤កន្លែង។

គម្រោងទី២. គឺគម្រោងវិនិយោគបង្កើតសណ្ឋាគារផ្កាយ៥ ចំនួន៣០០បន្ទប់ ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង មានទុនវិនិយោគ ៧០លានដុល្លារ បង្កើតការងារបាន ៨២២កន្លែង, ទី៣.គម្រោងវិនិយោគបង្កើតរោងចក្រផលិតភេសជ្ជៈប៉ូវកម្លាំង មានទីតាំងនៅភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលមានទុនវិនិយោគ ៣៩លានដុល្លារ និងបង្កើតការងារបាន ១១៥កន្លែង និងទី៤.គម្រោងវិនិយោគបង្កើតរោងចក្រផលិតអំពូលភ្លើងលំអដើមណូអែល, ពូកខ្យល់ និងគ្រឿងសង្ហារិម ស្ថិតនៅភូមិ១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានទឹកប្រាក់ ៣៥លានដុល្លារ និងបង្កើតការងារបាន ១ ៩៣០កន្លែង។

ចំពោះ គម្រោង ដែលលេចធ្លោរក្នុងតំបន់សេដ្ឋកិច្ចពិសេស រួមមាន៖ គម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស ដែលមានទីតាំងនៅភូមិត្រពាំងគោ និងភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទុនវិនិយោគ ៥០,៥លានដុល្លារ និងអាចបង្កើតការងារ ២០៣កន្លែង និងគម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូម និងផលិតគ្រឿងបន្ទាប់បន្សំបន្ទះសូឡា ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានទំហំវិនិយោគ ៣០លានដុល្លារ ដែលអាចបង្កើតការងារបាន ១៦០កន្លែង។

គួរបញ្ជាក់ថា ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤នេះ ការវិនិយោគមកពីវៀតណាម ស្ថិតនៅលំដាប់លេខរៀងទី១ ដោយបានរួមចំណែក ៥១,០៨% នៃទុនវិនិយោគសរុប, ចិន ស្ថិតនៅលំដាប់លេខរៀងទី២ ដែលបានរួមចំណែក ២៤,២៦% នៃទុនវិនិយោគសរុប និងកម្ពុជា ស្ថិតនៅលំដាប់លេខរៀងទី៣ ដោយបានរួមចំណែក១៤,៤៩% នៃទុនវិនិយោគសរុប៕

8 months ago
**អូស្ត្រាលី-កម្ពុជា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទឹកស្អាត ឧស្សាហកម្ម សហគ្រាសធុនតូចនិងមធ្យម និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ**==============

អូស្ត្រាលី-កម្ពុជា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទឹកស្អាត ឧស្សាហកម្ម សហគ្រាសធុនតូចនិងមធ្យម និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ==============

ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំកម្ពុជា បានពិភាក្សាគ្នាលើការពង្រឹងកិច្ចសហប្រតិបត្តិការវិស័យទឹកស្អាត ឧស្សាហកម្ម សហគ្រាសធុនតូចនិងមធ្យម សេដ្ឋកិច្ចក្រៅប្រព័ន្ធ ផលិតភាព និងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ។

ក្នុងជំនួបដែលធ្វើនៅទីស្តីការក្រសួងឧស្សាហកម្ម កាលពីថ្ងៃទី០៥ ធ្នូនេះ ដោយឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់អូស្ត្រាលី ដែលជាមិត្តដ៏ល្អរបស់កម្ពុជា និងបានស្នើឱ្យអូស្ត្រាលីផ្តល់ជំនួយបច្ចេកទេស ដើម្បីជួយឱ្យផលិតផលកម្ពុជាអនុលោមតាមស្តង់ដាឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា៖«ស្តង់ដាមានសារសំខាន់ណាស់សម្រាប់ឱ្យផលិតផលកម្ពុជាអាចចូលទៅទីផ្សារប្រទេសអូស្ត្រាលី និងទីផ្សារអន្តរជាតិ»។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើឱ្យអូស្ត្រាលីបង្កើនការវិនិយោគរបស់ខ្លួននៅកម្ពុជា ពិសេសពង្រីកប្រតិបត្តិការអាជីវកម្មនៃក្រុមហ៊ុនអូស្ត្រាលីដែលកំពុងប្រតិបត្តិការស្រាប់នៅក្នុងតំបន់។ ឯកឧត្តមបានលើកឡើងពីភាពចាំបាច់នៃការលើកកម្ពស់ការផលិតក្នុងស្រុក ពិសេសការផលិតវត្ថុធាតុដើម និងផលិតផលពាក់កណ្តាលសម្រេច ដើម្បីបំពេញលក្ខខណ្ឌតម្រូវកាន់តែខ្ពស់នៃការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក។

ចំពោះ ឯកអគ្គរដ្ឋទូតអូស្ត្រាលី បានថ្លែងបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អូស្ត្រាលីក្នុងការអភិវឌ្ឍនៅកម្ពុជា ជាពិសេសសម្រាប់ការត្រៀមចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩។ ឯកឧត្តម Derek Yip បានជម្រាបជូនពីអាទិភាពរបស់រដ្ឋាភិបាលអូស្ត្រាលី ដែលរួមមានការអភិវឌ្ឍមូលធនមនុស្ស បរិវត្តន៍កម្មថាមពលស្អាត ការពង្រីកលទ្ធភាពចូលទៅកាន់ទីផ្សារ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងសេដ្ឋកិច្ច៕

8 months, 1 week ago
**ក្រសួងពាណិជ្ជកម្ម ស្នើឱ្យពាណិជ្ជករ ចូលរួមជំរុញបង្កើនឱកាសវិនិយោគ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ**

ក្រសួងពាណិជ្ជកម្ម ស្នើឱ្យពាណិជ្ជករ ចូលរួមជំរុញបង្កើនឱកាសវិនិយោគ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ

ភ្នំពេញ៖ លោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ស្នើឱ្យពាណិជ្ជករ និងវិនិយោគិន ចូលរួមជំរុញបង្កើនឱកាសវិនិយោគ និងធ្វើពាណិជ្ជកម្មនៅកម្ពុជាឱ្យបានច្រើនក្នុងវិស័យទាំងអស់ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។

ក្នុងឱកាសជួបពិភាក្សាជាមួយគណៈប្រតិភូនៃវិទ្យាស្ថាន Cheung Kong Graduate School of Business (CKGSB) និងបណ្តាសហគ្រាសនៃវិស័យពាក់ព័ន្ធ លោកជំទាវ ខា ឡេង ក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន, ការគាំទ្ររបស់ក្រសួងពាណិជ្ជកម្មក្នុងការជម្រុញកិច្ចសហប្រតិបត្តិការ និងការលើកទឹកចិត្តក្នុងការធ្វើពាណិជ្ជកម្មរវាងប្រទេសទ្វេភាគីផងដែរ។ លោកជំទាវ ខា ឡេង បានបន្តថា ការធ្វើពាណិជ្ជកម្មរវាងប្រទេសទ្វេភាគី គឺធ្វើឡើងតាមរយៈការលើកកម្ពស់ និងការផ្សព្វផ្សាយពិព័រណ៍ផលិតផលក្នុងស្រុក និងកិច្ចសហប្រតិបត្តិការជម្រុញការនាំចេញផលិតផលផ្សេងៗជាដើម។

ជាមួយគ្នានេះ លោកជំទាវ ខា ឡេង ក៏បានផ្សព្វផ្សាយបន្ថែមអំពីមជ្ឈមណ្ឌលសេវានាំចេញ របស់ក្រសួងពាណិជ្ជកម្ម ដែលបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ដល់ការនាំចេញ និងពង្រីកនូវសក្តានុពលផលិតផលរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិផងដែរ៕

8 months, 1 week ago
**កម្ពុជា-បារាំង ពិភាក្សាគម្រោងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ ដែលគ្រោងបើកដំណើរការនៅ ឆ្នាំ២០២៥ខាងមុខ**

កម្ពុជា-បារាំង ពិភាក្សាគម្រោងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ ដែលគ្រោងបើកដំណើរការនៅ ឆ្នាំ២០២៥ខាងមុខ

ភ្នំពេញ៖ ឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា នាយិកាទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ប្រចាំកម្ពុជា (AFD) និង ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ពិភាក្សាការងារអំពីវឌ្ឍនភាពរបស់គម្រោងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ ដែលគ្រោងនឹងបើកដំណើរការក្នុងឆ្នាំ២០២៥ ខាងមុខ។

ក្រៅពីសាលាបណ្តុះបណ្តាល ភាគីបារាំង និងកម្ពុជា ក៏បានពិភាក្សាពីលទ្ធភាពបង្កើតកិច្ចសហការក្នុងវិស័យទេសចរណ៍ជាមួយសកលវិទ្យាល័យបារាំងផ្នែកបដិសណ្ឋារកិច្ច និងសណ្ឋាគារល្បីៗ ព្រមទាំងប្រតិបត្តិករទេសចរណ៍បារាំងទាំងនៅក្នុងប្រទេសកម្ពុជា និងប្រទេសបារាំងផងដែរ។ តាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ កិច្ចពិភាក្សាខាងលើនេះ ត្រូវបានធ្វើឡើង កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងទេសចរណ៍៕

8 months, 1 week ago
**រដ្ឋមន្ត្រីកសិកម្ម៖ ការរៀបចំយុទ្ធសាស្រ្តលក់គ្រាប់ស្វាយចន្ទីសើម៥០% និងស្ងួត៥០% អាចធានាបានតម្លៃលើទីផ្សារ**

រដ្ឋមន្ត្រីកសិកម្ម៖ ការរៀបចំយុទ្ធសាស្រ្តលក់គ្រាប់ស្វាយចន្ទីសើម៥០% និងស្ងួត៥០% អាចធានាបានតម្លៃលើទីផ្សារ

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ការរៀបចំនូវផែនការសហគមន៍បានល្អ ដោយមានយុទ្ធសាស្រ្តក្នុងការលក់គ្រាប់ស្វាយចន្ទីសើម ៥០% និងគ្រាប់ស្វាយចន្ទីស្ងួត ៥០% អាចធានាតម្លៃនៅលើទីផ្សារស្វាយចន្ទី។ នេះបើតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤។

ក្នុងទស្សនកិច្ចសហគមន៍កសិកម្មទំនើបប្រាសាទសំបូររុងរឿង នៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ឯកឧត្តម ឌិត ទីណា ក៏បានលើកទឹកចិត្តដល់សមាជិករបស់សហគមន៍កសិកម្មទំនើប ត្រូវធ្វើការរួមគ្នា, មានទំនើបកម្មទាំងសហគមន៍ និងធនធានមនុស្ស, មានការគ្រប់គ្រងល្អ, ត្រួតពិនិត្យស្តង់ដារការងារត្រឹមត្រូវ, ពិសេសត្រូវមានភាពស្មោះត្រង់ ដើម្បីពង្រឹងការដាំដុះឱ្យមានគុណភាពល្អ និងលក់បានតម្លៃថ្លៃ។

ក្នុងឱកាសនោះ រដ្ឋមន្រ្តីក្រសួងកសិកម្ម ក៏បានបញ្ជាក់ថា ក្រសួងកសិកម្មនឹងជួយជាជំនួយបច្ចេកទេស និងស្វែងរកដៃគូ ពិសេសគម្រោងនានាឱ្យជួយគាំទ្រដល់សហគមន៍កសិកម្មទំនើប។ គួរបញ្ជាក់ថា សហគមន៍កសិកម្មទំនើបប្រាសាទសំបូររុងរឿង គឺបានផ្តោតការដាំដុះដំណាំស្វាយចន្ទី ដែលមានសមាជិកចំនួន ១៥២គ្រួសារ មានផ្ទៃដីដាំដុះចំនួន ៦២៣ហិកតា ដោយមានការជួយគាំទ្រពីក្រសួងកសិកម្ម ក្នុងការរៀបចំផែនការអាជីវកម្ម ការជ្រើសរើសបុគ្គលិក និងការសិក្សាពីហេដ្ឋារចនាសម្ព័ន្ធផលិតកម្មស្វាយចន្ទីផងដែរ៕

8 months, 2 weeks ago
**កម្ពុជា-វៀតណាម ពិភាក្សាជំរុញកិច្ចសហការលើវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍**

កម្ពុជា-វៀតណាម ពិភាក្សាជំរុញកិច្ចសហការលើវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត និង ឯកឧត្ដម ជិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម ជជែកពិភាក្សាពីការបន្តជំរុញកិច្ចសហការលើវិស័យពាណិជ្ជកម្ម វិនិយោគ និងវិស័យទេសចរណ៍។ កិច្ចពិភាក្សានេះ ត្រូវបានធ្វើឡើងនាឱកាសដំណើរទស្សនកិច្ចផ្លូវការ និងចូលរួមមហាសន្និបាត ICAPP លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ នៅកម្ពុជា។

បើតាមការចុះផ្សាយនៅលើទំព័រហ្វេសប៊ុករបស់ សម្តេចធិបតីនាយករដ្ឋមន្រ្តី កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត និង ឯកឧត្ដម ជិន ថាញ់មិន ក៏បានពិភាក្សាលើការបន្តជំរុញកិច្ចសហប្រតិបត្តិការវិស័យសន្តិសុខ និងការពារជាតិ ក៏ដូចជាការតភ្ជាប់រវាងប្រជាជន និងប្រជាជនផងដែរ។ ឯកឧត្ដមប្រធានរដ្ឋសភាវៀតណាម បានលើកឡើងពីទំនាក់ទំនង និងកិច្ចសហការល្អរវាងវៀតណាម និងកម្ពុជា ដោយក្នុងនោះឯកឧត្ដម បានប្ដេជ្ញាចិត្តបន្តលើកកម្ពស់កិច្ចសហការរវាងស្ថាប័ននីតិប្បញ្ញត្តិ និងពង្រឹង និងពង្រីកទំនាក់ទំនងរវាងក្រសួង-ស្ថាប័ននៃប្រទេសទាំងពីរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ពេញចិត្តចំពោះវឌ្ឍនភាព និងភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិរវាងកម្ពុជា-វៀតណាម និងស្វាគមន៍ចំពោះការប្តេជ្ញាចិត្តបន្តជំរុញការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី លើគ្រប់វិស័យឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត៕

We recommend to visit

Last updated 7 months, 1 week ago

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
Samdech Moha Borvor Thipadei HUN MANET, Prime Minister of Cambodia

Last updated 7 months, 1 week ago

គោលការណ៍ ឯមស | សាមញ្ញ និងច្បាស់លាស់

Contact: https://t.me/oa_admin

Last updated 6 months ago